គួរឱ្យសរសើរណាស់! ផឹកច្រេីន​កាហ្វេ​ហេីយ​ទេីប​តែ​ជួបហាង​មួយ​មាន​ព្យញ្ជនៈ និងស្រៈខ្មែរលើកែវកំប៉ុងកាហ្វេ

សព្វថ្ងៃនេះ ​មានការអប់រំ និងសំណេរជាច្រើននៅលើបណ្តាញសង្គម ឱ្យកូនខ្មែរទាំងអស់ចូលរួមអភិរក្សអក្សរសាស្រ្តខ្មែរ ​ដោយសារតែសម័យបច្ចុប្បន្ន  មានអ្នកលេងបណ្តាញសង្គមមួយចំនួនជាពិសេសយុវវ័យ ​និយមសរសេរអក្សរអង់គ្លេស ​និងអក្សរឡាតាំងសំនៀងខ្មែរទៅវិញ ​ដោយការធ្វើបែបនេះ ​អាចធ្វើឱ្យកូនខ្មែរមួយចំនួនភ្លើតភ្លើន​​អាចនឹងបំភ្លេចអក្សរជាតិខ្មែរបាន។

ហេតុនេះហើយ ​ពេលនេះកំពុងតែមានការផ្ទុះការកោតសរសើរជាខ្លាំង ​ដោយសារតែមានហាងកាហ្វេមួយកន្លែងបានសរសេរព្យញ្ជនៈ និងស្រៈ​ខ្មែរនៅលើកំប៉ុងកាហ្វេ  ដែលនេះអាចឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងចូលរួមថែរក្សាអក្សរជាតិយើង។

ព័ត៌មាន ​និងរូបភាពនេះត្រូវបានបង្ហោះចែកចាយដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា ​ Van Da បានបង្ហោះរូបកែវកាហ្វេដែលមានព្យញ្ជនៈ និងស្រៈ​ខ្មែរ ដោយបានសរសេរថា៖ « ផឹកច្រេីន​កាហ្វេ​ហេីយ​ ទេីប​តែ​ជួប​មួយ​មាន​ព្យញ្ជនៈ​ខ្មែរ​❤️️ »។

គួរឱ្យដឹងផងដែរថា ​ហាងកាហ្វេដែលមានកែវដាក់ព្យញ្ជនៈ និងស្រៈ​ខ្មែរមួយនេះ ត្រូវបានអ្នកបង្ហោះសារបានរៀបរាប់ថា  មានទីតាំងនៅជិតផ្សារធំថ្មី ក្បែរផ្លូវភ្លោះពេទ្យអង្គឌួង។

បើទោះបីជាការធ្វើបែបនេះ ​មានការគាំទ្រ ​និងលើកទឹកចិត្តយ៉ាងណាក៏ដោយ ​ក៏មានមនុស្សមួយចំនួនតូចមានគំនិតអវិជ្ជមាននៅក្នុងការផ្តិតព្យញ្ជនៈ និងស្រៈ​ខ្មែរ លើដបកំប៉ុងបែបនេះដែរ ​ដោយសារតែពួកគេយល់ថារាល់ពេលប្រើប្រាស់កំប៉ុងនេះរួច អាចនឹងយកទៅចោលក្នុងធុងសម្រាម ដែលជាអំពើមើលងាយ និងជាន់ឈ្លីអក្សរខ្មែរទៅវិញ។

តែយ៉ាងណានេះក៏ជាអំពើមួយដែលបានចូលរួមចំណែកលើកស្ទួយអក្សរសាស្រ្តជាតិខ្មែរដែរ ​ដូច្នេះក្នុងនាមជាកូនខ្មែរគ្រប់រូប កុំភ្លេចចូលរួមថែរក្សា ​និងការពារអក្សរសាស្រ្តជាតិខ្មែរយើងទាំងអស់គ្នា  ដោយរួមគ្នាសរសេរអក្សរជាតិឱ្យបានច្រើនកុះករ៕


ចុះប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

S1356

76645619_559049001496680_4881036414130585600_n

75561593_459149884716268_4854873114040860672_o