«ចាក់ទឹកលើក្បាលទា» ហេតុអ្វីបានជាចាស់ៗតែងតែជេរកូនជេរចៅបែបនេះ ពេលដែលនិយាយមិនចេះស្តាប់គ្នា

យើងធ្លាប់ឮពាក្យចាស់ៗ រមែងដៀលកូនចៅ ដែលមិនស្តាប់ដំបូន្មានលោក ប្រដូចទៅនឹង សត្វទា ដែលគេចាក់ទឹកលើក្បាល រអិលបាត់អស់ មិនជាប់មិនជោគខ្លួន។ ក្រោយមក សង្គមយើង បានត្រងយកពាក្យទាំងនេះ ទៅប្រើគ្រប់កន្លែង ពេលណាគេនិយាយអ្វី គ្មាននរណាយកត្រចៀកស្តាប់ ហើយក៏តាំងប្រដូច មនុស្សដែលមិនស្តាប់ខ្លួន ទៅនឹងសត្វទាជាទម្លាប់រៀងមក។ ថ្ងៃនេះ ខ្ញុំសូមផ្ញើជូន នូវគំហើញផ្សេងទៀត អំពីតម្លៃសត្វទា ដែលគេច្រើនរំលង មើលមិនឃើញ សម្រាប់ប្រិយមិត្តអ្នកអាន យកទៅពិចារណា គិតសាជាថ្មី ៖

635548650297180337 Ducks

១- សត្វទាមានស្លាបវេទមន្ត មិនទទួលការជះទឹក ពីលើក្បាល អោយជោគខ្លួនស្លាប់ងាយៗ ដោយគ្មានពេលរើបម្រះ។ អ្វីដែលទាសំណាងបំផុតនោះ គឺទាខ្លះ អាចហោះគេចផុតពីគ្រោះ បើសិនទឹកដែលគេជះដាក់នោះ ជាទឹកលូ ទឹកថ្នាំពុល ឬជាប្រេងឆៅ ជាដើម។ ដូច្នេះ ទាអាចមានឱកាសពិចារណា ថាតើ គួរទទួលយកទឹកជះនោះ ថាជាទឹកសួនកំសាន្ត អោយរីករាយសប្បាយ ឬ ក៏ជាទឹកពុល ដែលគួរតែហោះគេចអោយឆ្ងាយ។

២- ទាខ្លះ ជាពូជដែលស្គាល់ ដំណើរខ្យល់ត្រជាក់ក្តៅតាមរដូវ អាចបង្កើតហ្វូង មានមេកោយ ហោះហើរនាំមុខ ហ្វូងទារបស់ខ្លួន ជាជួរយ៉ាងស្អាត នៅលើអាកាស ពីតំបន់មួយ ទៅតំបន់មួយ ដើម្បី ស្វែងរកមណ្ឌលដែលផ្តល់ចំណី និងសេចក្តីសុខ ដល់ពលដែលហោះតាមពីក្រោយ។ ហ្វូងទាទាំងនេះ មានការរស់នៅ មានរបៀបរៀបរយ ចេះទទួលមុខនាទី ការទទួលខុសត្រូវ និង ទំនុកចិត្ត ចំពោះមេកោយ ដែលហោះនាំមុខ ហ្វូងទារបស់ខ្លួន ធ្វើដំណើរឆ្ពោះទៅរក សេចក្តីសុខរួមជុំគ្នា ប្រសើរជាងក្រុមមនុស្សខ្លះ ដែលវង្វេងភ័ន្ទ ពុំស្គាល់មុខនាទីរបស់ខ្លួន ថាមានជំហរ ជាមេ ឬ ជាពល នោះឡើយ។

៣- គំនិតជ្រុងផ្សេងទៀត អំពី អំនួតសត្វទា ចំពោះមនុស្ស ៖ ទាខ្វៃ ជាទាស្លាប់ តែលក់បានថ្លៃ មានប្រជាប្រិយភាពក្នុងទីផ្សារ។ ទាខ្វៃៗ មានន័យថា ទានៅរស់ ដូច្នេះ ទានៅមានស្លាបឬទ្ធិ មិនទទួលទឹកលូ ហើយ អាចហោះហើរលើមេឃបាន ខ្ពស់ជាងមនុស្សខ្លះ ដែលលោតកំពស់ បានត្រឹមម៉ាគក់ពីរគក់។


៤- រីឯការជះទឹកលើក្បាលទាវិញ តើយើងមានពិចារណា កត់សំគាល់ខ្លួនយើង ជាមុនទេ ថាទឹកដែលយើងដង យកទៅជះ លើក្បាលទានោះ ជាទឹកពុះ ទឹកលូ ទឹកកក ទឺកជ្រាំ ទឹកពុល ឬ ទឹកចិត្ត? ក្នុងចំណោមទឹកទាំងនេះ មានតែទឹកចិត្តទេ ដែលមានឥទ្ធិពលជាងគេ ជាពិសេស គឺទឹកចិត្តស្រឡាញ់។ ដូច្នេះ តើយើងមានពិចារណាដែរទេ ថាតើ ទឹកចិត្តយើងនោះ ប្រកបដោយសេចក្តីស្រឡាញ់ សេចក្តីស្អប់ ច្រណែន គុំគួន ឬ ឃ្នាន់ខ្នាញ់ ចង់ចាញ់ចង់ឈ្នះ ឬ យ៉ាងណា? ប៉ុន្តែ បើជាទឹកចិត្តស្រឡាញ់វិញ នោះយើងគួរបង្ហាញចេញមក នូវចេតនាល្អ ក្នុងដួងចិត្តសន្តិ និងការយោគយល់អធ្យាស្រ័យ ប្រកបដោយ ពាក្យពេចន៍ប្រសើរ សម្រាប់លើកទឹកចិត្តហ្វូងទា អោយខិតខំសាមគ្គី ធ្វើការងារ កាន់តែប្រសើរជាងមុន ជាជាង ការដៀលត្មះ បង្អាប់បង្អោន អោយកាន់តែល្អក់អាប់អួរ គ្មានរាសី។

៥- ការបន្តុះបង្អាប់អ្នកដទៃ ដោយប្រៀបធៀបទៅហ្នឹងសត្វ មិនមែនជាដំណើរប្រព្រឹត្តរបស់អ្នកប្រាជ្ញ ប្រកបដោយបញ្ញា ជាពិសេស អ្នកប្រាជ្ញបច្ចុប្បន្ននេះ។ ការឈានបែរក្រោយ ទៅមើលសកម្មភាព ខ្វះខាតរបស់សត្វ នឹងធ្វើអោយយើង ភ្លេចខ្លួន មិនធ្វើដំណើរបញ្ចេញសកម្មភាព ក្នុងភាពជាមនុស្ស ដែលប្រកបដោយ បញ្ញាអច្ឆរិយៈ អាចធ្វើដែកអោយហោះ ធ្វើដែកចាប់ជ័រ អោយមើលឃើញ ចេញរូប ឮសម្លេង អាចអោយមនុស្ស និយាយគ្នាឆ្លងទ្វីបបាន ដោយមិនចាំបាច់ ទូងស្គរហៅទេវតាមកជួយ៑។ បើយើងចង់ឃើញ មនុស្សបង្កអច្ឆរិយភាព អាចផ្លាស់ប្តូរពិភពលោកបាន ពីសក្តិភូមិអំណាចផ្តាច់ការ ទៅប្រជាធិបតេយ្យសេរី សូមជួយជម្រុញ ជ្រោមជ្រែង និង បណ្តុះបណ្តាលអច្ឆរិយភាព ដែលមនុស្សអាចធ្វើបាន ក្នុងឋានៈ ជាមេកោយ ឬ ជាពល តាមលទ្ធភាព និង សមត្ថភាពអតិបរមា ដែលអាចធ្វើទៅបាន។ ខ្លួនយើងម្នាក់ ជាកម្លាំងមួយ សម្រាប់បង្កើនអច្ឆរិយភាពនេះ អោយក្លាយជាការពិត នៅប្រទេសខ្មែរ។ ការបំផ្លាញទឹកចិត្ត ដោយកាយ វាចា ឬទឹកចិត្ត យ៉ាងអវិជ្ជមាន ជាការបំផ្លាញពិភពលោកទាំងមូល រួមទាំង ពិភពដែលដួងចិត្តរបស់យើងម្នាក់ៗ កំពុងជ្រកកោននៅនោះផង។

សូមអរគុណលោកអ្នក ដែលអានសំណេររបស់ខ្ញុំ!!

ដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

02xp Duck ArticleLarge