ច្បាប់នៃជីវិតប្ដីប្រពន្ធ អនុវន្តឱ្យបាន ទើបរស់នៅជាមួយគ្នាបានយូរអង្វែង និងមានសុភមង្គល

ជីវិតប្ដីប្រពន្ធ រស់នៅជាមួយគ្នា រមែងមានទុក្ខ មានបញ្ហា ការថ្នាំងថ្នាក់ដាក់គ្នា ជារឿងធម្មតាទេ គ្មានប្ដីប្រពន្ធណា គ្រួសារណា ដែលមិនជួបបញ្ហានោះឡើយ ហេតុនេះហើយ អ្នកមានប្ដី មានប្រពន្ធ ត្រូវតែដឹង និងយល់ពីពាក្យថា ស្វាមីភរិយា ឬជាគ្រួសារនេះឱ្យបានច្បាស់លាស់។

ដូចពាក្យគេថា " ប្រទេសមានច្បាប់ គ្រួសារមានវិន័យ " ចង់ឱ្យគ្រួសារប្រពន្ធប្ដី រស់នៅមានក្ដីសុខ ត្រូវតែអនុវត្តតាមគោលការណ៍ប៉ុន្មានចំណុចនេះ ៖

១. មានរឿងអ្វីក៏ត្រូវតែនិយាយគ្នា

ដាច់ខាតហាមលាក់បាំង ភូតកុហកគ្នា ការកុហក ការលាក់បាំង ជាហេតុនាំឱ្យដៃគូបាត់បង់ជំនឿចិត្ត និងកាន់តែសង្ស័យលើគ្នាជាប់ជាប្រចាំ។

២. ម្ខាងជាភ្លើង ម្ខាងត្រូវជាទឹក

ជាធម្មតាទេ អារម្មណ៍ និងចិត្តមនុស្សម្នាក់ៗរមែងប៉ះទង្គិច តែមិនថាយ៉ាងណាទេ បើមានម្ខាងណាកំពុងតែខឹង និងមួម៉ៅ ម្ខាងទៀតត្រូវតែត្រជាក់ ដូចជាទឹក និងភ្លើង មានភ្លើងត្រូវតែមានទឹកចាំពន្លត់។

៣. បើឈ្លោះហាមលើសពី២៤ម៉ោង

ការឈ្លោះប្រកែក អារម្មណ៍មិនល្អ ថ្នាំងថ្នាក់តែងតែកើតមាន ដូចគេថា " ចានក្នុងរាវលែងអីនឹងប៉ះទង្គិច " ជីវិតប្ដីប្រពន្ធក៏ដូចគ្នា តែមិនថាឈ្លោះ ឬអន់ចិត្តនឹងគ្នាយ៉ាងណាទេ ដាច់ខាតកុំអត់និយាយស្ដីរកគ្នាឱ្យលើសពី២៤ម៉ោង ជាពិសេស ហាមចេញក្រៅ ទៅគេង ឬដើរលេងដាច់យប់នៅខាងក្រៅមិនត្រឡប់មកផ្ទះនោះ។

80013975_1214210668773931_7607065887912230912_o

៤. គោរព ឱ្យតម្លៃគ្នា

មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ ប្ដីប្រពន្ធត្រូវតែចេះគោរព និងឱ្យតម្លៃគ្នា ទាំងកាយវិការ និងការនិយាយស្ដី ទៀតសោត កុំចេះតែយកប្ដីប្រពន្ធខ្លួនទៅប្រៀបនឹងប្ដីប្រពន្ធអ្នកដទៃ កុំចេះតែនិយាយលើកសរសើរប្ដីប្រពន្ធគេ ហើយមកបង្អាប់ ជាន់ពន្លិចប្ដីប្រពន្ធខ្លួនឯង។

៥. មើលថែ និងការពារគ្នា

រស់នៅក្នុងផ្ទះតែមួយ ត្រូវចេះដឹងសុខទុក្ខ ចេះយកអាសារ​ មើលថែការពារគ្នា ឈឺជាកុំទុកគ្នាចោលឱ្យសោះ ការយកចិត្តទុកដាក់ ថែរក្សា និងការពារនេះពិតជាសំខាន់ណាស់ ព្រោះវាជាការបង្ហាញពីអារម្មណ៍ និងផ្ដល់ភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមក។


៦. ចេះស្ដាប់ មានហេតុផល

ត្រូវចេះស្ដាប់គ្នា មានហេតុផលពន្យល់គ្នា កុំចេះតែជឿអ្នកដទៃ កុំអាងអីនិយាយស្រែកសម្លុត គំហកដាក់គ្នា វាមិនមែនជាទម្លាប់ល្អឡើយ ហើយទង្វើនេះ បើយើងមានកូន វាក៏ជាការបង្ហាញឱ្យកូនឃើញពីភាពក្ដៅក្រហាយ ទង្វើ កាយវិការ ការនិយាយស្ដីរបស់យើង ជះឥទ្ធិពលដល់កូនៗខ្លាំងណាស់។

81344903_1214211705440494_9132022154097852416_o

៧. ចេះផ្ដល់ពេលវេលាឱ្យគ្នា

ទោះជាប្ដីប្រពន្ធ រស់ក្នុងគ្រួសារតែមួយក៏ពិតមែន តែជាក់ស្ដែង មនុស្សគ្រប់រូប សុទ្ធតែចង់មានពេលវេលាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងខ្លះហើយ ដូចជាការដែលមានពេលឱ្យសាច់ញាតិបងប្អូន ឬជួបជុំមិត្តភក្តិម្ដងម្កាល ឬទៅណាមកណា ធ្វើកិច្ចការផ្ទាល់ខ្លួនខ្លះៗ។ តែយ៉ាងណាក៏ត្រូវតែប្រាប់ពីហេតុផល ឬដំណឹងឱ្យប្ដីយើងប្រពន្ធយើងដឹងដែរ កុំចេះតែធ្វើអ្វីតាមតែអំពើចិត្ត ព្រោះយើងមិនមែននៅខ្លួនមួយដូចមុនទេ។

៨. មានពេលសម្រាកលំហែជាមួយគ្នា

មមាញឹក រវល់នឹងការងាររៀងៗខ្លួនក៏ពិតមែន តែពេលមានកម្មវិធីបុណ្យទាន ថ្ងៃចុងសប្ដាហ៍ គួរតែមានពេលវេលា ចេះបង្កើតឱកាសនៅក្បែរគ្នា ទៅដើរលេងជុំគ្នា ឬត្រឹមញុំាអាហារដ៏រ៉ូមែនទិកជាមួយគ្នាក៏បានដែរ ដើម្បីបង្កើតភាពរីករាយ និងកក់ក្ដៅ សាងអនុស្សាឱ្យគ្នាដូចកាលនៅជាសង្សារអ៊ីចឹង។

៩. ចេះផ្ដល់កម្លាំងចិត្ត និងគំនិតដល់គ្នា

មិនថាជាមួយការងារ ឬជាមួយមនុស្សនៅជុំវិញខ្លួនទេ យើងប្រាកដជាមានអារម្មណ៍តានតឹង និងជួបបញ្ហា ការលំបាក ឧបសគ្គចៀសមិនផុតឡើយ ដូច្នេះហើយ កម្លាំងចិត្ត និងការផ្ដល់គំនិតពីដៃគូ ឬប្ដីប្រពន្ធនេះ ពិតជាសំខាន់ណាស់ ត្រុវចេះ ពិភាក្សា ផ្ដល់យោបល់ និងផ្ដល់កម្លាំងចិត្តឱ្យគ្នា។ កម្លាំងចិត្ត និងកម្លាំងគំនិត ជាឱសថទិព្វដ៏សក្តិសិទ្ធិសម្រាប់ជីវិតប្ដីប្រពន្ធហើយ៕

80016492_1214214152106916_1296653981031858176_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Credit Photo : Vivi Do