បើលុយមិនសំខាន់ទេ ចុះហេតុអ្វីយើងត្រូវតែមានលុយឱ្យច្រើន?

ម៉ាក់តែងតែប្រាប់ខ្ញុំថា មិនបាច់ខ្វល់អ្វីច្រើនទេកូន ឱ្យតែមានលុយ ពេលយើងមាន ចង់ប្រើខ្មោចឱ្យកិនម្សៅក៏បានដែរ ឱ្យតែយើងមាន មិនខ្វះទេអ្នកស្គាល់ អ្នករាប់រក តែបើយើងក្រ កុំថាឡើយអ្នកដទៃ សូម្បីតែបងប្អូនយើងក៏គេមិនចង់រាប់អានយើងដែរ កូនត្រូវចាំ។ កាលនោះ ខ្ញុំគិតថា វាមិនអាចទេ លុយមិនអាចទិញគ្រប់យ៉ាងបានឡើយ ជាពិសេសគឺ ទិញទឹកចិត្ត និងភាពស្មោះត្រង់។

វាជាការពិត រហូតមកដល់ពេលនេះ ខ្ញុំក៏នៅតែប្រកាន់ខ្ជាប់នូវគំនិតមួយនេះ ព្រោះលុយក៏មិនអាចទិញទឹកចិត្ត ក្ដីស្រឡាញ់ និងភាពស្មោះត្រង់របស់ខ្ញុំបានទេ ដូច្នេះ ខ្ញុំគិតថា អ្នកដទៃមួយចំនួនទៀតក៏គិតដូចខ្ញុំដែរ។ ប៉ុន្តែ សម្ដីម៉ាក់របស់ខ្ញុំក៏មិនខុសនោះដែរ មានលុយទើបមានអ្វីៗគ្រប់យ៉ាង។ តួយ៉ាងដូចពេលមានបុណ្យទាន មានកម្មវិធីជួបជុំ ឬដំណើរកម្សាន្តផ្សេងៗ ទើបធ្វើឱ្យខ្ញុំដឹងច្បាស់ថា " លុយមិនសំខាន់សម្រាប់ជីវិតពិតមែន តែជាក់ស្ដែង លុយវាចាំបាច់សម្រាប់ការរស់នៅរបស់មនុស្សយើង"។

61708dec 8c8f 4114 Be6c 122f7f337889

ត្រូវដឹងថា ក្នុងកាលៈទេសៈទាំងនេះ ពេលដែលយើងមានលុយ យើងនឹងមិនបាច់ខ្វល់ មិនបាច់ភ័យ អ្វីដែលសំខាន់គឺ ដើរចាយឱ្យសប្បាយចិត្ត ដើរចាយដោយសប្បាយចិត្ត ៖

- ពេលមានបុណ្យទាន មានកម្មវិធី យើងត្រូវទិញនេះទិញនោះ ដូចជាបុណ្យចូលឆ្នាំជាដើម ពេលដែលយើងមានលុយ យើងនឹងដើរទិញនេះទិញនោះ យ៉ាងសប្បាយចិត្ត។

- ពេលជួបជុំបងប្អូនម្ដងម្កាល ពេលមានលុយ យើងនឹងអាចចូលចំណោមគេចុះ ទិញនេះ ទិញនោះ ទិញរបស់មកញុាំជុំគ្នាដោយមិនបាច់ថាត្រូវអស់ប៉ុន្មាន ត្រូវចំណាយប៉ុន្មាននោះឡើយ។

- ពេលទៅលេងនៅស្រុកកំណើត បើយើងមានលុយ អ្នកស្រុកក៏មិនហ៊ាននិយាយអ្វីមិនល្អពីយើងដែរ តែបើយើងអត់យើងក្រ គ្រាន់តែចូលដល់ភូមិ គេប្រាប់ជានិយាយដើមហុយផ្សែង ពីចុងភូមិដល់ដើមភូមិ មើលយើងលើក្រោមច្បាស់ណាស់។

- ពេលឈឺថ្កាត់ មិនមែនថា គ្រប់ពេទ្យសុទ្ធតែឃើញតែលុយនោះទេ តែត្រូវចាំថា បើយើងមានលុយ ចូលពេទ្យ ក៏គេមើលយើងបានដិតដល់ដែរ ... ។

Ca27d367 054f 41c5 88ea E7c2d6bd892f


ដូច្នេះ យើងត្រូវតែមានលុយ សម័យនេះ អត់លុយពិបាកណាស់ ទៅខ្ចីគេក៏មិនស្រួលដែរ ទឹកចិត្ត សេចក្ដីល្អ យើងត្រូវតែមាន ចំណែកលុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ ក៏មិនអាចអត់បានឡើយ។

- ផ្ទះធំប៉ុនណា ក៏នៅតែដេកបានគ្រែតែមួយ តែដេកលើគ្រែក្នុងផ្ទះធំ វាក៏ល្អជាង ដេកលើគ្រែក្នុងផ្ទះខ្ទម ដំបូលដាច់រហែក ធ្លុះធ្លាយ។

- បាយមួយពេលក្នុងហាងថ្លៃ ក៏ញាំបានម្ដងមួយស្លាបព្រា តែបាយមួយស្លាបព្រាដែលឆ្ងាញ់ ញាំហើយ វាក៏សប្បាយចិត្តជាងបាយជាមួយអំបិល ទឹកត្រី។

ម៉ាក់និយាយត្រូវ យើងអត់យើងក្រ គេប្រាកដាមើលងាយ ធ្លាប់ក្រខ្សត់ អត់ឃ្លាន ត្រូវគេមើលងាយមុខក្រោយ ទើបដឹងថា ជីវិតនេះយើងមិនត្រូវក្រទេ យើងមានទ្រព្យ មានមុខមាត់ ទើបរស់ក្នុងសង្គមមនុស្សមួយនេះបាន។ គ្មាននរណាប្រាថ្នាជីវិតក្រលំបាក អ្នកក្រក៏មិនមែនជាមនុស្សអាក្រក់ តែបើយើងក្រ ជីវិតយើងនឹងជួបតែរឿងអាក្រក់ និងអយុត្តិធម៌៕

22218629_10204066633422349_5291316968336843292_o

22289907_10204066634622379_7690445663585992369_o

71792718_560400904699867_7821606689827717120_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ