«អាម៉ី អាថោង » ជាអ្នកណា មានន័យដូចម្តេច ហេតុអ្វីបានជាខ្មែរយើងតែងប្រើពាក្យនេះ?

ជាការពិតណាស់ ​ខ្មែរយើងមានភាសាជាច្រើនយ៉ាង ​ច្រើនទម្រង់ ​ចំណែកឯគ្រៀមភាសាក៏មានច្រើនប្រយោគដែរ ដោយមានឃ្លាឃ្លោងប្រៀបធៀបច្រើនសណ្ឋាន ​ដោយពាក្យខ្លះយើងថែមទាំងមិនដឹងប្រភពទៀតផង។

ជាក់ស្តែង ​ពាក្យមួយឃ្លាហៅថា​​« ​អាម៉ី ​អាថោង ​» ​ត្រូវបានគេឧស្សាហ៍ហៅសំដោលើមនុស្ស ​ឬក្រុមមនុស្សដែលពូកែបញ្ជោរ ​ចាក់រុក ​លើកជើងក្នុងផ្លូវមិនល្អ ​ដែលភាសានេះជាភាសាដែលពោលទាំងកំហឹង ​ឬស្អប់ជននោះតែម្តង។ ​តែ តើលោកអ្នកឆ្ងល់ទេថា ​ពាក្យ « អាម៉ី អាថោង »  មានន័យដូចម៉េ្តច មានប្រភពមកពីណា ​ទើបបង្កើតពាក្យនេះឡើង?

ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមធ្វើការបកស្រាយ ​ពាក្យ « អាម៉ី អាថោង » ​ដែលមានប្រភពមកពីគណនីហ្វេសប៊ុក Nao Sok ដូចខាងក្រោមនេះដើម្បីឱ្យប្រិយមិត្តបានធ្វើការយល់ដឹងបន្ថែម ៖

នៅក្នុងរឿង ឃុនឆាង ឃុនផែន ឃុនឆាង ជាកូនសេដ្ឋី មាននាយបម្រើពីរនាក់ គឺ នាយ ម៉ី និង នាយថោង។ ឃុនឆាង ដោយសារជាកូនអ្នកមានទ្រព្យ ធ្វើអ្វីៗក៏ឲ្យអ្នកបម្រើធ្វើដែរ ។ ពេលស្អប់ អ្នកណា ឃុនឆាង ឲ្យ អ្នកបម្រើ ទាំងពីរ ធ្វើបាបអ្នកខ្លួនស្អប់នោះជំនួសឲ្យខ្លួន។ អាម៉ី អាថោង អ្ហែង ធ្វើនេះ ឲ្យ អញ អ្ហែងធ្វើនោះ ឲ្យអញ ! អាម៉ី អាថោង អ្ហែង ទៅវាយអាមួយនោះមួយដៃ ឲ្យអញ ពីព្រោះវាព្រហើន ហ៊ាន មើលមុខអញ ។


Img_7030

អ្នកបម្រើទាំងពីរ ជាអ្នកបម្រើដ៏ស្មោះត្រង់ និង ចូលចិត្តអុជអាល នាំរឿងមកប្រាប់ ឃុនឆាងណាស់។ គេបញ្ជាអ្វីក៏ធ្វើតាម ទាំងអស់ ដោយគ្មានប្រើប្រាជ្ញាគិតថារឿងនោះ ខុសឬត្រូវឡើយ ។ គេធ្វើដូចជាគេ ជាមនុស្សយន្ត ធ្វើតែតាមការបញ្ជារបស់ចៅហ្វាយនាយគេ។

ខ្មែរប្រើពាក្យនេះ ចង់សំដៅ ដល់អ្នកធ្វើការឲ្យគេ ទាំងខ្វាក់ភ្នែក ធ្វើតែតាមគេប្រើ មិនគិតខុសត្រូវ គ្រាន់តែដើម្បីលាភសក្ការៈប៉ុណ្ណោះ ហើយពួកនេះចូលចិត្តអុជអាលមកប្រាប់ចៅហ្វាយ ពីព្រោះគដឹងថា ពេលចៅហ្វាយនាយប្រើគេ ឲ្យធ្វើអ្វីវិញនោះ គេនឹងបានរង្វាន់ខ្លះៗមិនខាន។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?