គ្មានអ្នកណា ចង់ប្ដូរដៃគូស្នេហាពីរបីនៅក្នុងជីវិតនោះឡើយ តែគ្រប់យ៉ាងសុទ្ធតែមានហេតុនាំឱ្យជួប និងមានផលនាំឱ្យបែក…

ធ្លាប់ស្រឡាញ់មនុស្សច្រើននាក់ ទើបធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន អាចរកបាននូវចម្លើយពីការស្រឡាញ់ និងមនុស្សដែលខ្លួនឯងប្រាថ្នាចង់បាន ...

គេថា មនុស្សមានស្នេហាច្រើនជាមនុស្សសាវា គេថា មនុស្សធ្លាប់ឈឺចាប់ព្រោះរឿងស្នេហា នឹងក្លាយជាមនុស្សចិត្តថ្ម លែងហ៊ានស្រឡាញ់អ្នកណា តែសម្រាប់ខ្ញុំ អាចនិយាយបានថា មុខក្រាស់គ្រាន់បើ ដែលនៅតែចង់សាកល្បងក្នុងរឿងឈឺចាប់នេះ ទាំងដឹងថា វានឹងត្រូវឈឺចាប់។

ធ្លាប់មានអ្នកនិយាយថា ខ្ញុំជាមនុស្សសាវា ស្រឡាញ់អ្នកណាមិនដែលបានយូរអង្វែង តែការពិត គឺមានតែខ្ញុំខ្លួនឯងប៉ុណ្ណេាះ ដែលដឹងច្បាស់ថា ស្នេហា ការស្រឡាញ់របស់ខ្ញុំបែបណា​ គ្រប់យ៉ាង គឺសុទ្ធតែមានហេតុ និងផល ជឿថា គ្មានអ្នកណា ចង់មានស្នេហាពីរបី ប្ដូរដៃគូពីមួយទៅមួយនោះឡើយ តែមកពីមានអ្វីហើយ ទើបគេត្រូវជួបរឿងបែបហ្នឹង។

D9fb4810eb2fe13c35a3ca35223a600c

សម្រាប់ជីវិតស្នេហារបស់ខ្ញុំ ខ្ញុំទទួលស្គាល់ថាខ្ញុំងាយស្រឡាញ់ វាអាចមកពីចិត្តមួយផ្នែក តែខ្ញុំដឹងខ្លួនឯងច្បាស់ និងចងចាំមិនភ្លេចថា ក្នុងចំណោមមនុស្សដែលខ្ញុំស្រឡាញ់ គឺមានបីនាក់ ដែលបង្រៀនខ្ញុំឱ្យយល់ពីតម្លៃនៃស្នេហា ដោយមិនរាប់នឹងមនុស្សដែលស្រឡាញ់ខ្ញុំនោះឡើយ ហើយខ្ញុំក៏បានដាក់កំហិតខ្លួនឯងហើយថា ខ្ញុំស្រឡាញ់ត្រឹមតែបីនាក់ហ្នឹងប៉ុណ្ណេាះ។

ស្នេហាដំបូង គឺមនុស្សទី១ ៖ គេជាមនុស្សដំបូង ដែលធ្វើឱ្យខ្ញុំយល់ត្រឹមពាក្យថាស្រឡាញ់តែប៉ុណ្ណេាះ កាលនោះ គឺនៅក្មេងណាស់ មិនច្បាស់ថា ការថែរក្សាបែបណាឡើយ គឺមានតែការស្រឡាញ់ ហូងហែង ខឹង អន់ចិត្ត ឈ្លោះ រករឿងគ្នាតែប៉ុណ្ណេាះ ចុងក្រោយ គឺខ្ញុំមិនដែលទទួលបានសូម្បីតែពាក្យថា ទំនុកចិត្តពីគេ ហើយយើងក៏បែកគ្នា ព្រោះតែគេរៀបការជាមួយអ្នកផ្សេង។

A41a2d23c446ea9aac7711b2bcb0dda9


ស្នេហាទី២ គឺខ្ញុំក៏បានជួបនឹងមនុស្សម្នាក់ទៀត ម្នាក់នេះ បង្រៀនខ្ញុំឱ្យយល់ពីក្ដីស្រឡាញ់ ការលះបង់ និងការចង់មានចង់បាន។ គ្រប់យ៉ាង គឺខ្ញុំត្រុវខិតខំ និងប្រឹងប្រែងដើម្បីគេ លះបង់ឱ្យគេ ព្រោះតែស្រមៃ ចង់បានជីវិតគូមួយដែលល្អ ក៏ចង់ឱ្យគេបានស្រណុកសុខស្រួល មិនចង់ឃើញគេលំបាកវេទនាទៅថ្ងៃអនាគតឡើយ តែចុងក្រោយ ខ្ញុំទើបតែដឹងថា យើងមិនអាចទៅរួច ខ្ញុំនៅតែជាមនុស្សដែលមិនមានលទ្ធភាពនឹងចូលស្ដីដណ្ដឹងគេ នៅតែអ្នកផ្សេងចូលមកមើលថែគេជំនួសខ្ញុំ ខ្ញុំក៏បានត្រឹមតែជាមិត្ត គឺមិត្តដ៏ល្អរបស់គេ មិត្តដែលគេហៅថា Friend Zone។

ទំនាក់ទំនងឆ្នាំ បានត្រឹមតែឈរមើលអ្នកផ្សេង ដឹកដៃគេចូលរោងការនៅចំពោះមុខតែប៉ុណ្ណេាះ។ តែគេបានធ្វើឱ្យខ្ញុំដឹង និងរឹងប៉ឹងជាងមុន ខ្ញុំក្លាយជាមនុស្សធំដឹងក្ដី មានក្ដីស្រមៃ មានការតាំងចិត្ត និងមានគំនិតចេះរកស៊ី រកលុយដោយខ្លួនឯង ទាំងដែលកាលពីមុន ខ្ញុំគិតត្រឹមថា មានប៉ុនណា ក៏ចាយប៉ុណ្ណឹង ជីវិតគឺគ្រប់គ្រាន់។

ស្នេហាទី៣ អាចនិយាយបានថា គេជាមនុស្សចុងក្រោយដែលខ្ញុំដាក់ចិត្តស្រឡាញ់ ត្រឹមគេ គឺលែងមានអ្នកណាដែលខ្ញុំប្រាថ្នាទៀតហើយ ព្រោះអ្វី? គឺព្រោះគេជាមនុស្សល្អបំផុត ទាំងស្អាត ឆ្លាតពូកែ រឹងមាំ ចេះដឹង និងសំខាន់ គេជាមនុស្សដែលបង្រៀនឱ្យខ្ញុំហ៊ានប្រឈមមុខគ្រប់យ៉ាង ជាពិសេស ព្រោះតែស្រឡាញ់គេ ខ្លាចបាត់បង់គេ ខ្ញុំហ៊ានទាំងសារភាពប្រាប់គេថា ខ្ញុំស្រឡាញ់ ទាំងដឹងចម្លើយច្បាស់ថា គេមិនស្រវិញក៏ដោយ ក៏ខ្ញុំនៅតែសារភាព យ៉ាងហោច ក៏អាចឱ្យគេដឹងថា ខ្ញុំជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលស្រឡាញ់គេ។

មនុស្សបីនាក់ដែលខ្ញុំស្រឡាញ់ ខ្ញុំអាចលះបង់ច្រើនសម្រាប់អ្នកទី២ តែខ្ញុំស្រឡាញ់ខ្លាំងគឺ អ្នកទី៣ ហើយក៏បានស្បថឱ្យខ្លួនឯងហើយថា នឹងមិនស្រឡាញ់អ្នកណាក្រៅពីគេទៀតឡើយ ហើយក៏តាំងចិត្តប្ដេជ្ញាថា នឹងរង់ចាំគេ ចាំមួយជីវិត ទោះចាំមិនបានជួបគេ ក៏នៅតែរក្សាចិត្តស្រឡាញ់មួយនេះ សម្រាប់គេដដែល ស្ម័គ្រចិត្តធ្វើជាមិត្តរបស់គេរហូតទៅ។

ទាំងអស់គឺសុទ្ធតែនៅពីក្រោយពាក្យថា មនុស្សសាវា តែការពិត គឺវាមានហេតុផលបែបហ្នឹង៕

54260f978691c70fe116a9fe6e998cd1

អត្ថបទ ៖ ភី អេច

ក្នុងរក្សាសិទ្ធ