មានគេសួរថាបែកគ្នាហើយ ម៉េចក៏ត្រូវគ្នាជាមួយសង្សារចាស់វិញ ​ខ្ញុំតបត្រឹមតែ ៧ឃ្លាទេថា

ពាក្យថាបែកបាក់ និងព្រាត់ប្រាស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ គ្មានអ្នកណាចង់ឱ្យកើតឡើងទេ តែវាក៏មិនអាចហាមឃាត់បានប្រសិនជាដល់ពេលដែលត្រូវតែបែកនោះ។ ប៉ុន្តែមានគូស្នេហ៍មិនតិចនាក់ទេ ពោលគឺដល់ទៅជាងពាក់កណ្តាលឯណោះ ដែលពួកគេនឹងត្រលប់មកស្រលាញ់គ្នាដូចដើម ថែមទាំងផ្អែមល្ហែមជាងមុនទៅទៀត។

ថ្ងៃនេះខ្ញុំនឹងលើកយកហេតុផលចម្បងទាំង៧យ៉ាង ដែលអាចធ្វើឱ្យគូស្នេហ៍ទាំងពីរអាចត្រលប់មកស្រលាញ់គ្នាដូចមុន៖

១.បែកគ្នាកាន់តែឈឺចាប់

ហេតុផលចម្បងដែលគូស្នេហ៍សម្រេចចិត្តបែកគ្នា ភាគច្រើនព្រោះតែគេមិនចុះសម្រុងគ្នា មិនសប្បាយចិត្ត ឬក៏ទទួលរងនូវការឈឺចាប់នៅពេលដែលទ្រាំរស់នៅជាមួយគ្នា។

ប៉ុន្តែនៅក្នុងករណីដែលបែកគ្នាហើយ រឹតតែធ្វើឱ្យទាំងសងខាងឈឺចាប់ស្ទើរតែទ្រាំមិនបាន ឯរបួសក្នុងចិត្តកាន់តែរីករាលដាលមិនងាយជា និងគ្មានថ្នាំព្យាបាល ហើយការបែកគ្នាមិនអាចជួយឱ្យអ្វីៗប្រសើរជាងមុននោះ ទាំងនេះហើយជាហេតុផលដែលគូស្នហ៍ទាំងពីរដង្ហើយរកគ្នា និងវិលត្រលប់មករកស្នេហាចាស់របស់ខ្លួនវិញនោះ។

1

២. ផ្តល់ឱកាស

ធម្មតាកំហឹង ឬជម្លោះមួយពេលអាចធ្វើឱ្យគូស្នេហ៍បែកគ្នាដោយមិនបានពិចារណាឱ្យបានដិតដល់។ តែនៅពេលដែលបែកគ្នា មិនបានជួបមុខគ្នា និងម្នាក់ៗរស់នៅរៀងៗខ្លួន អាចធ្វើឱ្យអ្នកទាំងពីរគិតឃើញនូវរឿងជាច្រើន ជាពិសេសស្រមោលអនុស្សាវរីយ៍ ការចងចាំល្អៗ និងអារម្មណ៍ដែលនឹកអាល័យ អាចធ្វើឱ្យចិត្តស្ងប់ជាងមុន និងពិចារណាបានច្បាស់ថា ការពិតនិស្ស័យមិនទាន់អស់ ការនឹករលឹកគ្នានៅតែមាន ហើយឱកាសទីពីរដែលអ្នកនឹងចាប់ផ្តើមសាងស្នេហាជាមួយគ្នាម្តងទៀត អាចធ្វើឱ្យស្នេហាកាន់តែរឹងមាំជាងមុនផងដែរ។

2

៣. គ្មានអ្នកណាល្អជាងសង្សារចាស់

វាអាចជាគំនិតមួយអត្មានិយម ដែលបែកគ្នាហើយត្រលប់មករកអ្នកចាស់វិញ ព្រោះតែគ្មានជម្រើស និងមិនអាចរកអ្នកដែលល្អជាងអ្នកមុន តែនេះជាការពិតដែលត្រូវទទួលស្គាល់។

ជាធម្មតាមនុស្សដែលអ្នកនៅជាមួយ អ្នកមិនដឹងពីចំណុចល្អរបស់គ្នាឡើយ តែពេលដែលអ្នកចាកចេញពីគ្នា ហើយបានជួបជាមួយអ្នកផ្សេង អ្នកអាចនឹងមើលឃើញយ៉ាងច្បាស់ថា ការពិតកាលពីមុនខ្លួនជាមនុស្សមានសំណាងប៉ុណ្ណា ដែលគូស្នេហ៍អ្នកជាមនុស្សល្អបែបនេះ ស្ទើរតែមិនមានអ្នកណាអាចជំនួសគេបាន។


ដូច្នេះចំណុចអវិជ្ជមានដែលបង្កជម្លោះធ្វើឱ្យបែកគ្នាកាលពីលើកមុនគ្រាន់តែជារឿងតូចតាចដែលអាចអនុគ្រោះគ្នាបាន។ ទាំងនេះហើយធ្វើឱ្យគូស្នេហ៍ទាំងពីរនឹងត្រលប់មកស្រលាញ់គ្នាដូចដើម។

3

៤. ធ្លាប់ចង់ខ្លាំងរៀងខ្លួន

មានគូស្នេហ៍ច្រើនខ្លាំងណាស់សព្វថ្ងៃនេះ ដែលចេះតែបែកគ្នាហើយត្រូវគ្នាវិញ ដោយសារតែក្នុងចិត្តពួកគេ ការពិតមិនបានចង់បែកនោះឡើយ ពួកគេគ្រាន់តែឌឺដងគ្នា ចង់ឈ្នះចាញ់គ្នារៀងខ្លួន ជាពិសេសសុទ្ធតែជាអ្នកដែលមានចិត្តមានះដូចគ្នា។ ដូច្នេះនៅពេលដែលពេលវេលាកន្លងផុតទៅ ហើយគេមានចិត្តនឹកគ្នា និងមិនអាចទ្រាំទ្រនឹងការរស់នៅផ្សេងគ្នាបាន នោះហើយគឺជាវេលាដែលពួកគេនឹងត្រលប់មកស្រលាញ់គ្នាវិញ។

4

៥. មិនអាចខ្វះគ្នា

មនុស្សពីរនាក់បែកគ្នា មានហេតុផលមួយក្នុងចំណោមរឿងជាច្រើននោះគឺ ការធុញទ្រាន់នឹងគ្នា ទាំងដែលពួកគេមិនបានមានបញ្ហាអ្វីនឹងគ្នាឡើយ ដោយសារតែពួកគេគិតថាវាជាចំណុចដែលមានន័យថាពួកគេលែងមានចិត្តស្រលាញ់គ្នាដូចមុនហើយ។ តែក្នុងករណីដែលអ្នកទាំងពីរបែកគ្នា ស្រាប់តែមានអារម្មណ៍ថាឯកា ស្រងោះស្រងោច នឹកដល់គ្នា ឬមានអារម្មណ៍ថាមិនទម្លាប់ដូចជាខ្វះអ្វីម្យ៉ាងនោះ ទាំងនេះហើយដែលជាហេតុផលធ្វើឱ្យគូស្នេហ៍ទាំងពីរវិលត្រលប់មករកគ្នាវិញ ហើយអាចរកឃើញថាការពិតមនុស្សដែលនៅចំពោះមុខជាមនុស្សដែលអ្នកស្រលាញ៉បំផុត ហើយក៏ត្រូវតែថែរក្សាឱ្យបានល្អដែរ។

5

៦. សាកល្បងជាមួយអ្នកផ្សេងតែមិនដូចអ្នកចាស់

អ្វីដែលគូស្នេហ៍ទើបតែបែកគ្នាគិតឃើញមុនគេនោះ គឺត្រូវឆាប់រកអ្នកថ្មីមកជំនួស និងព្យាបាលរបួសដួងចិត្ត។ តែនៅពេលដែលអ្នកប្រឹងចំណាយពេលវេលាច្រើន ជាពិសេសស្វែងរកមនុស្សដែលត្រូវចិត្តអស់ពីមួយទៅមួយហើយ តែពួកគេមិនបានធ្វើឱ្យអ្នកស្រលាញ់ពេញចិត្ត និងមានក្តីសុខដូចអ្នកចាស់នោះទេ វាជាពេលវេលាដែលអ្នកអាចនឹងពិចារណាឡើងវិញ និងនឹកដល់ស្នេហាកាលពីមុន។ ទាំងនេះហើយដែលអ្នកចង់សាកល្បងស្រលាញ់គ្នាម្តងទៀតជាមួយនឹងស្នេហាចាស់ដែលអ្នកមិនអាចខ្វះបាន។

6

៧. ព្រោះនៅស្រលាញ់

ពិតណាស់ «ស្រលាញ់» ពាក្យនេះហើយដែលជាគន្លឹះដ៏សំខាន់មួយដែលអាចទាញយកមនុស្សពីរនាក់ឱ្យស្រលាញ់គ្នាបាន ហើយវាក៏អាចធ្វើឱ្យមនុស្សដែលបែកគ្នាហើយអាចមកជួបគ្នាវិញបានដែរ។ ធម្មតាឱ្យតែមានចិត្តស្រលាញ់គ្នា គិតពីគ្នា និងនឹកពីគ្នា បើទោះបីជាបែកគ្នារាប់រយ រាប់ពាន់ដង ជឿថានិស្ស័យនៅតែមាន ហើយអ្នកទាំងពីរនឹងរកឱកាសមកផ្សះផ្សារគ្នាបានវិញជាមិនខាន៕

7