ដឹងអត់ថា ហេតុអ្វីបានជាអ្នកខ្លះចូលចិត្តមានស្នេហាលួចលាក់បែប ​Private ជាងបើកចំហរ?

បច្ចុប្បន្ននេះគូស្នេហ៍ភាគច្រើនចូលចិត្តប្រកាស និងសម្តែងពីសេចក្តីស្នេហារបស់ពួកគេនៅក្នុងបណ្តាញទំនាក់ទំនងសង្គម  ព្រោះតែពួកគេចង់ចែករំលែកក្តីសុខរបស់ពួកគេឱ្យគ្រប់គ្នាដឹង ​ហើយក៏ចង់ផ្តល់តម្លៃក្នុងនាមជាដៃគូស្នេហាដោយគ្មានការលាក់លៀមផងដែរ។

ចុះអ្នកដែលមានស្នេហា ​Private  ជាស្នេហាលាក់លៀម មិនស្មោះត្រង់មែនទេ?

ទេ! វាមិនមែនបែបនេះទាំងអស់នោះទេ! ​ជាក់ស្តែងអ្នកដែលមិនចូលចិត្តបង្ហាញស្នេហាជាសាធារណៈ ​ព្រោះពួកគេចង់រក្សាជីវិតឯកជនរបស់ពួកគេនៅដោយឡែក  មិនចូលចិត្តរញ៉េរញ៉ៃអួតអាង  ឬឱ្យអ្នកដទៃវាយតម្លៃស្នេហារបស់ពួកគេឡើយ។  ហើយពេលខ្លះការមានស្នេហា ​Private អាចដើម្បីជាឱកាសស្វែងយល់ចិត្តគ្នាឱ្យច្បាស់ជាងមុន ដោយមិនបាច់ឱ្យអ្នកដទៃដឹងឮ ​ឬពាកព័ន្ធជាដើម។

នៅក្នុងនោះ ដូចដែលអ្នកបានដឹងហើយថា ​ប្រសិនជាអ្នកបង្ហាញស្នេហារបស់អ្នក ​នោះបានន័យថាអ្នកកំពុងតែបើកចំហរទំនាក់ទំនងរបស់អ្នកឱ្យគ្រប់គ្នាដឹងហើយ ​ដូច្នេះអ្នកនឹងត្រូវបានគេមើល  និងវាយតម្លៃត្រង់ចំណុចអវិជ្ជមានជាច្រើនដូចជា៖

Photo_2019 07 29_13 40 15

-នឹងមានមនុស្សនិយាយដើម ​ឬវិនិច្ឆ័យស្នេហារបស់អ្នកដូចជា ​សម្រស់គូស្នេហ៍អ្នកបែបនេះ ​ចរិតរបស់ពួកអ្នកបែបនោះ

-នឹងមានមនុស្សច្រណែន  និន្ទា  និយាយដើមស្នេហារបស់អ្នក

-ស្នេហាខ្លះអាចនឹងប៉ះពាល់ដល់កន្លែងធ្វើការ ​ឬអង្គភាពដែលខ្លួនរស់នៅក៏មាន

-មិនប្រាកដថាគ្រប់គ្នាមានគំនិតវិជ្ជមានចំពោះស្នេហាបស់អ្នកឡើយ


-អាចនឹងមានក្រុមមនុស្សអគតិ ​ព្យាយាមបំបែកបំបាក់ស្នេហារបស់អ្នក ដោយការនិយាយរឿងអតីតកាលមិនល្អរបស់អ្នក  ចាក់រុកគូស្នេហ៍អ្នកជាដើម ​ព្រោះអ្នកបានបង្ហាញគូស្នេហ៍ជាផ្លូវការទៅហើយ ​(អាចនឹងមានអ្នកស្គាល់ ​ឬស្គាល់ឈ្មោះក៏ថាបាន)

-ពេលអ្នកតែងតែបង្ហាញរាល់សកម្មភាពទាក់ទងនឹងទំនាក់ទំនងរបស់អ្នក ​ឬរាល់ពេលធ្វើអី ​អាចនឹងមានពេបជ្រាយ  និយាយដើម ​ជាពិសេសនិយាយអាក្រក់ពីអ្នករាល់ពេលអ្នកមានបញ្ហា ​ឬឈ្លោះប្រកែកគ្នា...ល.រួមទាំងមូលហេតុជាច្រើនទៀត។

Photo_2019 07 29_13 40 11

អ្នកដឹងទេ ការមានទំនាក់ទំនងស្នេហាបែប  Private  វាក៏អាចជាវិធីការពារគូស្នេហ៍របស់អ្នកពីការដឹងពីចំណុចខ្សោយ ​និងការពារកេរ្ត៍ឈ្មោះរបស់ភាគម្ខាងទៀតជាពិសេសគឺខាងស្រីតែម្តង ​ព្រោះចាស់ៗសម័យនេះនៅតែពេបជ្រាយ ​និយាយដើមក្មេងៗដែលចេះមានស្នេហា ​ឬសង្សារជាដើមនៅឡើយនោះទេ ​ជាពិសេសគ្រួសារខ្លះហាមដាច់ខាតមិនឱ្យកូនចៅមានស្នេហាសោះតែម្តងក៏មាន។ ​ដូច្នេះការលាក់ទំនាក់ស្នេហារបស់អ្នកគឺជាការស្រលាញ់ស្មោះ  និងចង់រក្សាមុខមាត់របស់អ្នកទោវិញទេ។

បន្ថែមពីនោះ ​ការមានស្នេហា ​Private  អ្នកនឹងមិនខ្លាចអ្នកដទៃកកូរកកាយរឿងផ្ទាល់ខ្លួនអ្នក ​ជាពិសេសអតីតគូស្នេហ៍របស់អ្នកដែលមិនមានបំណងល្អ ​ហើយពិសេសនោះអ្នកនឹងមិនសូវជាមានសម្ពាធពីអ្នកដទៃមើលមកស្នេហារបស់អ្នកយ៉ាងម៉េចនោះទេ ​ហើយបើថ្ងៃណាមួយបែបគ្នា  ភាគីម្ខាងទៀតអាចនឹងមិនសូវខ្មាសគេដូចជាស្នេហាបើកចំហរឡើយ។

Private Love ស្រលាញ់គ្នាស្ងាត់ៗ  ឈ្លោះគ្នាស្ងាត់ៗ ដើរជាមួយគ្នាស្ងាត់ៗ យល់ចិត្តគ្នាស្ងាត់ៗ ​មិនបាច់ប្រាប់ឱ្យគេដឹង ​ឱ្យគេអបអរ ​ឬសើចយំនឹងស្នេហាយើងឡើយ ​ឱ្យតែយើងពីរនាក់ចេះស្រលាញ់គ្នា  យល់ចិត្តគ្នាទៅបានហើយ ​ជាពិសេសស្រលាញ់គ្នាស្ងាត់ៗ ​ចាំពេលរៀបការចាំគគ្រឹកគគ្រេងក៏មិនទាន់ហួសពេលដែរមែនអត?

Team: ស្នេហា Private

រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍ ​(កវីលាក់ស្នេហ៍-ប្រលោមលោក)