ជាប្ដីប្រពន្ធ! កុំពេលក្រខ្សត់ដឹកដៃគ្នាចូលធនាគារ ដល់ពេលមានបានធូរធារ បែរជាដឹកដៃគ្នាឡើងតុលាការ!

ចម្រៀងមួយបទដែលគេច្រៀងថា "កាលគ្រាក្រ ស្រីល្អនោះនៅឯណា ... " ត្រង់ឃ្លានេះគឺមានន័យថា កាលនៅក្រលំបាក វេទនា រួមសុខរួមទុក្ខជាមួយគ្នា ជូរចត់ក៏មិនទៅណា ដល់ពេលមានបាន ម៉េចក៏ចាប់ផ្ដើមសាវា មានស្រីខាងក្រៅ ធ្វើបាបចិត្តប្រពន្ធដែលធ្លាប់រួមទុក្ខជាមួយបែបនេះ?

ជាការពិតណាស់ មនុស្សភាគច្រើនគឺ ផ្លាស់ប្ដូរចរិត ចិត្តគំនិតទៅតាមទឹកលុយ ពេលមានបាន ធូរធារ ក៏ចរិតចាប់ផ្ដើមផ្ទុយស្រឡះពីមុន។ ក៏មានប្ដីប្រពន្ធខ្លះ កាលក្រលំបាកគឺនៅជាមួយគ្នា តស៊ូជាមួយគ្នា ដឹកដៃគ្នាទៅធនាគារ ខ្ចីលុយគេដើម្បីមករកស៊ី ដើម្បីជីវិត ដើម្បីអនាគត ប៉ុន្តែពេលដែលមានបាន មានអ្វីៗគ្រប់យ៉ាង មានលុយ មានឡាន មានផ្ទះធំ ទ្រនំខ្ពស់ រស់នៅស្រណុកសុខស្រួល ក៏បែរជាបែកគំនិត មិនថាប្ដី ឬប្រពន្ធ (តាមចរិតរបស់មនុស្ស) ប្រែប្រួលមានស្រីផ្សេង មានគំនិតកិបកេង កេងប្រវញ្ចលួចលាក់ ផិតក្បត់គ្នា ធ្វើឱ្យគ្រួសារ ក្លាយទៅជាទីតាំងសមប្រយុទ្ធ រង់ចាំតែថ្ងៃផ្ទុះអាវុធតែប៉ុណ្ណោះ។

41325637_1198381473633048_5245699714749300736_o


ដែលពាក្យមួយឃ្លាគេនិយាយថា "ពេលក្រខ្សត់ដឹកដៃគ្នាចូលធនាគារ ដល់ពេលមានបានធូរធារ បែរជាដឹកដៃគ្នាឡើងតុលាការ" នេះវាក៏មានពិតមែន ដល់ពេលមានគំនិតមិនស្មោះត្រង់នឹងគ្នា មិនយូរមិនឆាប់ ប្រាកដជាបែកចែកផ្លូវ ដឹកដៃគ្នាទៅតុលាការ ធ្វើលិខិតលែងលះ ចែកទ្រព្យសម្បត្តិគ្នា ពីប្ដីប្រពន្ធដែលធ្លាប់តែក្រខ្សត់ លំបាកជាមួយគ្នា តស៊ូ កសាងគ្រប់យ៉ាងមកជាមួយគ្នា ចុងក្រោយ ក៏បែរជាឈ្លោះទាស់ បែងចែកទ្រព្យសម្បត្តិចែកកូនគ្នា នេះឬប្ដីប្រពន្ធ? អ្វីៗគឺមកពីចិត្តគំនិតរបស់មនុស្ស មិនចេះថែរក្សាអ្វីដែលខ្លួនមាន បែរជាជ្រើមជ្រួល ភ្លើតភ្លើន ចង់បានតែអ្វីដែលថ្មី អ្វីដែលបានតែមួយឆាវ សួរថា បើលែងប្ដី លែងប្រពន្ធ ដែលធ្លាប់កម្សត់កម្រជាមួយគ្នាហើយ គិតថា អ្នកក្រោយគេអាចរស់នៅល្អល្អូកល្អើននឹងយើងបានយូរអង្វែងមែនទេ? មិនអាចទេ វាតិចណាស់ ដែលអាចបានល្អ ព្រោះយើងបានបោះចោលដុំពេជ្រ មកស្រវាដុំថ្មទៅហើយ ចុងក្រោយនឹងត្រូវសោកស្ដាយ មានវិប្បដិសារីពេញមួយជីវិត៕

96091249_1718602161610974_4576973607409811456_n

អត្ថបទ ៖ ភី អេកក / ក្នុងស្រុករក្សាសិទ្ធ