គួរចេះសម្រាក!!! ជីវិតមនុស្សកើតមក គឺមានអាយុកាលខ្លីណាស់

#គួរចេះសម្រាក

ជីវិតមនុស្សកើតមក គឺមានអាយុកាលខ្លីណាស់។ ដូច្នេះចូរប្រើប្រាស់ពេលវេលាទាំងនោះឱ្យមានតម្លៃបំផុតសម្រាប់ជីវិត។ តែក៏ពុំគួរចាយពេលវេលាទាំងនោះដោយមិនខ្វល់ខ្វាយពីការសម្រាកសោះនោះឡើយ។

ការធ្វើបែបនេះ វាគឺជារឿងមួយដ៏គ្រោះ​ថ្នាក់​ទៅវិញសម្រាប់ជីវិត។ ឧបមាថា ម៉ាស៊ីនបូមទឹកមួយគ្រឿង ត្រូវគេបញ្ឆេះមិនព្រមបិទសោះ។ ការណ៍នោះ វានឹងឆាប់ខូច ឬផ្ទុះក៏អាចថាបាន។ ពុំខុសអ្វីពីជីវិតមនុស្សដែល​ខំប្រឹងប្រែង​ប្រកបរបរកស៊ី ខំប្រើគំនិតគិតគូរពុំស្គាល់យប់ថ្ងៃ ពុំដឹងថ្ងៃសម្រាក ដែលជាហេតុនឹងធ្វើឱ្យឆាប់ស្លាប់ដូចគ្នា។

ពាក្យចាស់តែងពោលថា “ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុក្ខឆាប់ស្លាប់” ត្បិតពុំខុសពីមនុស្សបៀមទុក្ខដែរ រាល់ការមានចិត្ដគំនិតគិតគូរ​មិនឈប់ឈរបែបនេះ ធ្វើការពុំស្គាល់យប់ថ្ងៃ ពុំស្គាល់ថ្ងៃសម្រាក ដឹងតែពីប្រឹងប្រែងប្រើប្រាស់ពេលវេលាដើម្បីបំពេញបំណងប្រាថ្នាដែលហៀបនឹងដល់ បែរភ្លេចគិតគូរដល់សុខភាពដែលនឹងទៅពុំដល់ វានឹងធ្វើឱ្យយើងឆាប់ស្លាប់។ ឆាប់ស្លាប់ ក៏ព្រោះតែបញ្ហាសុខភាពពុំអាចទ្រាំទ្របាន។

1

KNONGSROK

ចំពោះខ្ញុំ តម្លៃនៃពេលវេលាគឺសំខាន់ណាស់សម្រាប់ជីវិតខ្ញុំ។ តែអ្វីដែលខ្ញុំគិតជាងពេលវេលាទៀតនោះ គឺជីវិតខ្ញុំផ្ទាល់តែម្ដង គឺខ្ញុំត្រូវប្រើប្រាស់ជីវិតមួយនេះ ឱ្យមានតុល្យភាពនិងមានប្រយោជន៍​បំផុត សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិខ្ញុំ។ គេអាចនឹងមើល​ឃើញថា ខ្ញុំធ្វើការឥតឈប់ឈរទាល់តែសោះ។ ការគិតបែបនេះ​ក៏ពុំខុសអ្វីដែរ តែសំខាន់ ខ្ញុំបានបែងចែកពេលវេលាសម្រាក ដល់ទៅ៣ ដំណាក់កាល សម្រាប់ជីវិតខ្ញុំ។

ទី១ ពេលវេលាសម្រាប់ក្រុមហ៊ុន ទី២ ពេលវេលាសម្រាប់ប្រពន្ធកូន និងទី៣ ពេលវេលាសម្រាប់សង្គមជាតិ។ សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ក្រៅពីត្រូវបំពេញកាតព្វកិច្ចចំពោះ​អ្នកទាំងបីក្រុមនេះរួចហើយ គឺខ្ញុំទំនេរ។

ហេតុនេះ ហើយបានជាពេល​ខ្លះ ខ្ញុំមានពេលអង្គុយសង់ទីម៉ង់បណ្តែតមនោសញ្ចេតនា មានពេល​ចែករំលែកអំណោយដល់ជនក្រខ្សត់ សល់ពេលខ្លះ​ចែករំលែក​ចំណេះដឹងដល់យុវជនជំនាន់ក្រោយ មានពេលអង្គុយញ៉ាំកាហ្វេ អង្គុយអានសៀវភៅ អង្គុយគិត និងអង្គុយកត់ត្រាជាដើម។ បើអ្នកមិនដឹងពីខ្ញុំវិញ ពួកគាត់នឹងគិតថាខ្ញុំនេះ គឺរវល់ច្រើនណាស់នឹង​ការងារ។ តែតាមពិតទៅខ្ញុំពិតជារវល់មែនដើម្បី​ស្ថាប័នខ្ញុំ គ្រួសារខ្ញុំ និងសង្គមជាតិយើងទាំងអស់គ្នា។

ប៉ុន្តែកាលពីកំលុងពេលបើកដំណើរការក្រុមហ៊ុនពីដំបូងដៃ ខ្ញុំគេងបានតែប្រាំឬប្រាំមួយម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនោះមែនក្តី ខ្ញុំតែងព្យាយាមសម្រាកឱ្យ​បានចន្លោះ៧ទៅ៨ម៉ោង។ បច្ចុប្បន្ន ខ្ញុំធ្វើបានមែនហើយ។ តែចាប់ផ្ដើមពីខ្ញុំស្គាល់ហ្វេសប៊ុកនេះមក ខ្ញុំគេងជាមធ្យមគឺប្រាំពីរ​ម៉ោងកន្លះប៉ុណ្ណោះ។

ព្រោះពេលខ្លះខ្ញុំត្រូវឆ្លើយឆ្លងសារយុវជនយើង ដែលត្រូវការជំនួយផ្នែកចិត្តគំនិត ក៏ដូចជាជនទីទាល់ អ្នកជំងឺ និងតាមដានស្ថានការណ៍ផ្សេងៗជុំវិញសង្គម និងសកលលោក។

ថ្វីបើសព្វថ្ងៃនេះ ខ្ញុំមមាញឹកច្រើនមែន ប៉ុន្តែភាពមមារញឹកនិងរវល់របស់​ខ្ញុំ គឺធ្វើទៅតាមកាលវិភាគត្រឹមត្រូវ ពុំមែនឆ្លេរឆ្លារចុះឡើងៗនោះទេ។ ខ្ញុំតែងមានទម្លាប់មួយទៀត គឺបន្តកត់ត្រា និងចេះផ្តល់អទិភាព​ដល់ការងារ​ដែលខ្ញុំត្រូវ​ធ្វើមុនឬធ្វើក្រោយ។ ម៉្លោះហើយ ខ្ញុំអត់ហត់ទេចំពោះការងារប្រចាំថ្ងៃ៕